អំពីយើង | សារលិខិតពីលោក នាយកប្រតិបត្តិ

សារលិខិតពីលោក នាយកប្រតិបត្តិ

 

លោកឧកញ៉ា តែ តាំងប៉

នាយកប្រតិបត្តិ

តាងនាមខ្ញុំ ជានាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យម កម្ពុជា ភីអិលស៊ី ខ្ញុំសូមមានចំណាប់អារម្មណ៍ខ្លះសម្រាប់ឆ្នាំ២០២៤ ជូនដល់លោក លោកស្រី និង សាធារណៈជនឱ្យបានជ្រាបដូចតទៅ៖ ក្នុងឆ្នាំ២០២៤នេះ​ ​សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេព្យាករណ៍ថានឹងកើនឡើងប្រមាណ ៥,៨% និងហក់ឡើង ៦,០% ក្នុងឆ្នាំ២០២៥ ការកើនឡើងនេះគឺដោយសារការស្ទុះងើបឡើងវិញនូវវិស័យទេសចរណ៍ និងទស្សនៈវិស័យផលិតកម្មដ៏រឹងមាំ នេះបើយោងតាមការចេញផ្សាយចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ប្រទេសកម្ពុជាទោះបីជាមានការប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាអាចដំណើរការបានល្អដដែលនៅឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់កម្ពុជារំពឹងថានឹង មានកំណើនរឹងមាំនៅ ឆ្នាំ២០២៤ និង ឆ្នាំ២០២៥ ដោយ វិស័យកាត់ដេរ ស្បែកជើង និងការដឹកជញ្ជូនទំនិញ (GFT) នឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ ក៏ដូចជាការកើនឡើងនៃសន្ទុះវិជ្ជមានក្នុងកំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ផងដែរ។ សម្រាប់វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុកម្ពុជា យោងតាមរបាយការណ៍របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤នេះ ឥណទានមិនដំណើរការបានកើនដល់កម្រិតប្រមាណ៩% ខណៈនៅត្រីមាសទី១ នៃឆ្នាំនេះឥណទានមិនដំណើរការស្ថិតក្នុងកម្រិត ៦.៩២% តែយ៉ាងណាយើងនៅតែឃើញថាវិស័យមីក្រូហិរញ្ញវត្ថុនៅតែមានស្ថេរភាពល្អ និងមានភាពរឹងមាំ បើទោះបីជាឥណទានមិនដំណើរការកើនឡើងក៏ដោយ។ ប៉ុន្តែយ៉ាងណាមិញ បើសង្កេតទៅមើលប្រាក់បញ្ញើដែលបានដាក់ គឺមានការកើនឡើង។ ដូច្នេះហើយវានៅតែបង្ហាញពីស្ថេរភាពទេ ពីព្រោះមានការកើនឡើងនៃប្រាក់បញ្ញើ ហើយតម្រូវការឥណទានមានការថយចុះ ដែលបង្ហាញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានដើមទុនច្រើនជាងមុន ក្នុងការបង្វិលជូនអតិថិជន ក៏ដូចជាការបម្រើសេវាជូនអតិថិជនផងដែរ​។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានចូលរួមចំណែកក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះចាប់តាំងពីឆ្នាំ២០១៥មក ក្នុងការចូលរួមកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជានិងកាត់បន្ថយ​​​​​​​​​ភាពក្រីក្រជាពិសេសជួយដល់ក្មួយៗនិសិត្សដែលមានបំណងស្វែងរកការងារផ្នែកវិស័យនេះ។ គ្រឹះស្ថានយើងមានបម្រើសេវាកម្មជូនអតិថិជនរហ័សទាន់ចិត្ត និងមានផ្តល់ឥណទានជាច្រើនតាមតម្រូវការរបស់អតិថិជន ដូចជាឥណទានខ្នាតតូច ឥណទានខ្នាត មធ្យម និងមានផលិតផលជាច្រើនផងដែរ ជាពិសេសផ្តល់ជូននូវប្រភេទឥណទានរូបិយវត្ថុជាតិ ដើម្បីលើកស្ទួយកាន់តែខ្លាំងទៅលើរូបិយវត្ថុជាតិ។ ក្នុងឆ្នាំ២០២៤ គិតត្រឹមចុងឆមាសទីពីរនេះ ​គ្រឹះស្ថានយើងខ្ញុំបានបញ្ចេញឥណទានជារូបិយវត្ថុជាតិចំនួន១,០៣៣,៨៧៥,៩០០រៀល សើ្មនឹងចំនួន១០ភាគរយ នៃចំនួនផលបត្រឥណទានសរុប ហើយក្នុងឆ្នាំ២០២៥ បន្ទាប់ទៀតគ្រឹះស្ថានយើងខ្ញុំនឹងខំប្រឹងបញ្ចេញឥណទានជារូបិយវត្ថុបន្ថែមទៀត យោងតាមប្រកាស និងសេចក្តីណែនាំរបស់ធនាគារជាតិ នៃកម្ពុជា។ ទោះបីស្ថានភាព សង្រ្គាមរាំរ៉ៃរបស់រុស្សី និង អ៊ុយគ្រែន ក៏ដូចជាបណ្តាលប្រទេសផ្សេងៗទៀតក៏ដោយ ក៏វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ​ នៅតែមាននិរន្តរភាព ភាពរឹងមាំ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំប្រកបដោយភាពឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិ នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការណែនាំជាបន្តបន្ទាប់ដល់គ្រឹះស្ថាន យើងខ្ញុំបន្តខិតខំពង្រឹងក្នុងការដោះស្រាយ និងបន្តបញ្ចេញឥណទានជារូបិយវត្ថុជាតិ ក៏ដូចជាឥណទានជាប្រាក់ដុល្លារអាមេរិក​ទៅតាមផែនការដែលកំណត់។ ជាចុងក្រោយ ខ្ញុំបាទសូមធ្វើការថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ ដែលបានគាំទ្រនូវផលិតផល និងសេវាកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី ប្រកបដោយសុឆន្ទៈរួមគ្នាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមជាតិទាំងមូល។ ខ្ញុំបាទក៏សូមសម្តែងការកោតសរ​សើរ​ ដោយស្មោះផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលមានការ ប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន យ៉ាងស្វិតស្វាញ ដើម្បីនាំមកនូវសមិទ្ធផលដ៏ធំធេង សម្រាប់គ្រឹះស្ថានរហូតមកដល់ពេល​បច្ចុប្បន្ននេះ។ តាងនាមជាអគ្គនាយក នៃគ្រឹះស្ថាននេះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសចំពោះ ធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់ការសហការ និងគាំទ្រចំពោះ​គ្រឹះស្ថានយើងខ្ញុំយ៉ាងល្អប្រសើរ នាពេលកន្លងមក និងពេលអនាគតផងដែរ​។