អំពីយើង | សមាជិកក្រុមប្រឹក្សាភិបាលនិង​អគ្គនាយក

សមាជិកក្រុមប្រឹក្សាភិបាលនិង​អគ្គនាយក

 

នៅឆ្នាំ២០២១ ស្ថានភាពហិរញ្ញវត្ថុកម្ពុជា នៅតែបន្តស្ថេរភាពល្អប្រសើរ គួបផ្សំ នឹងកំណើនរឹងមាំ នៃ សកម្ម ភាពសេដ្ឋកិច្ចកម្ពុជា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុក និងការនាំចេញ។ ដោយឡែក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី បាននឹងបន្តការរីកចម្រើនជាលំដាប់នៃប្រតិបត្តិការហិរញ្ញវត្ថុដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច គ្រួសារនិងសង្គមជាតិផងដែរ។  

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី បានពង្រីកប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ដោយបានបើក ដំណើការសាខាថ្មីមួយ គឺសាខាកួរស្រូវ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងការផ្តល់សេវា ឥណទានជូនអតិថិជនសក្តានុពល និងសាធារណជនបន្ថែមទៀត ដើម្បីឱយ​ទទួលបាន សេវាប្រាក់កម្ចី  ដែលមានលក្ខខណ្ឌសមស្រប និងអត្ថប្រយោជន៍ច្រើនយ៉ាង សម្រាប់ជួយលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាជនក្នុងតំបន់នោះឱ្យ​កាន់តែប្រសើរ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ផលប័ត្រឥណទានជាប្រាក់ដុល្លារសរុបចំនួន៣,០៩០,៩៥៥ដុល្លារអាមេ រិក ដែលមានចំនួនគណនីអតិថិជនចំនួន ២០៦ និងមានគណនីអតិថិជនជាបុរសចំនួន ១៤៥  គឺមានគណនីជានារីចំនួន ៦១ គណនី។ គ្រឹះស្ថាននៅតែអាចរក្សា គុណភាព ផលបត្រឥណទាន ប្រកបដោយគុណភាពខ្ពស់  ដោយការគ្រប់គ្រង ប្រតិបត្តិការ  ផ្នែកឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុង ប្រកបដោយភាពជាក់លាក់ ធ្វើឱ្យ​អត្រាឥណទាន មិនដំណើរការ មានកម្រិតទាបត្រឹមតែ ២%តែប៉ុណ្ណោះ។

ចំពោះ​ទិសដៅយុទ្ធសាស្ត្រ សម្រាប់ឆ្នាំ២០២២ គឺមានគោលដៅក្នុងការពង្រឹងសេវាកម្មអតិថិជន និងប្រសិទ្ធភាពនៃការគ្រប់គ្រង ហានិភ័យឥណទាន ឱ្យ​បានល្អប្រសើរ ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកឱ្យ​ស្របទៅតាមផែនការដែលបានគ្រោងទុក។ ជាងនេះទៅទៀតគ្រឹះស្ថាននឹងខិតខំបង្កើត យុទ្ធសាស្ត្រទីផ្សារថ្មីៗ ដើម្បីជំរុញការ​លូតលាស់ និងពង្រឹង អាជីវកម្មឱ្យ​មានស្ថេរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដែលមានការកើនឡើងជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់  រួមទាំងអតិថិជនទាំងអស់ ដែលមានការជឿជាក់ និងគាំទ្រដល់គ្រឹះស្ថានរបស់យើងនាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ​។ ជាពិសេសទៀតនោះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា   និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចំពោះការជួយគាំទ្រ និងការផ្តល់អនុសាសន៍ល្អៗដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ     សម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី ជាបន្តបន្ទាប់។ យើងខ្ញុំសូមបួងសួងសូមទេវតាឆ្នាំថ្មី វត្ថុសក្តិសិទ្ធិក្នុងលោក ប្រសិទ្ធពរជ័យ ដល់គណៈគ្រប់គ្រង បុគ្គលិក អតិថិជន និងដៃគូពាក់ព័ន្ធទាំងអស់ សូមឱ្យ​មានសិរីមង្គល វិបុលសុខ ចម្រើនរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។