អំពីយើង | សារលិខិតពីប្រធានក្រុមប្រឹក្សាភិបាល

សារលិខិតពីប្រធានក្រុមប្រឹក្សាភិបាល

 

លោក រស់ ហេងប៊ុន

ប្រធានក្រុមប្រឹក្សាភិបាល

      ក្នុងឆ្នាំ ២០២៤ សូចនាករជាច្រើនបានចង្អុលបង្ហាញពីដំណើរការសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ផ្នែកវិស័យ ធុរកិច្ចក៏បានរួមចំណែក ចំពោះភាពរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលរាជរដ្ឋាភិបាលមានភាពជឿជាក់យ៉ាងមុតមាំថា និន្នាការនេះនឹងបន្តទៅឆ្នាំថ្មីបន្ទាប់ទៀត ទោះជាមានវិបត្តិផ្សេងៗ ទូទាំងសកល​លោកក៏ដោយ។ ទោះបីជាមានការធ្លាក់ចុះនៃវិស័យសំណង់ និងអចលនទ្រព្យនៅឆ្នាំ២០២៤នេះ ប៉ុន្តែក្រោមការដឹកនាំប្រកប​ដោយ គតិបណ្ឌិត និងចក្ខុវិស័យពិតប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ កម្ពុជាប្រហែល៥.៨ភាគរយក្នុងឆ្នាំ២០២៤នេះ បានកើនឡើងមានចំនួន៥ភាគរយ បើធៀបឆ្នាំ២០២៣ ដោយជំរុញឱ្យមានការងើបឡើងវិញនៃវិស័យកាត់ដេរ ការកើនឡើងនៅក្នុងផលិតកម្មមិនមែនកាត់ដេរ និងការងើបឡើងវិញបន្តិចម្តងៗនៃឧស្សាហកម្មទេសចរណ៍។ យោងតាមរបាយការណ៍ ធនាគារជាតិនៃកម្ពុជា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នេះនឹងមានកំណើនក្នុងរង្វង់៦ភាគរយ ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់ ២ភាគរយ។ ទោះបីប្រទេសកម្ពុជាហាក់មានសេដ្ឋកិច្ចស្ទុះងើបឡើងក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅតែអាចប្រឈមនឹងហានិភ័យមួយចំនួនហានិភ័យទាំងនោះមានដូចជាការអូសបន្លាយភាពតានតឹង និងការបែងចែកភូមិសាស្ត្រនយោ​បា​យ​ អត្រាអតិផរណាសកល ភាពមិនច្បាស់លាស់នៃបញ្ហាអចលនទ្រព្យបរទេស ការប្រែប្រួលអាកាសធាតុ និងការវាយប្រហារតាមអ៊ីនធ័រនែត។ ទន្ទឹមនឹងការព្យាករពីកំណើនសេដ្ឋកិច្ច របាយការណ៍របស់ធនាគារជាតិកម្ពុជាដដែលក៏បានព្យាករពីអត្រាអតិផរណាដែល កម្ពុជាមានក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤ ពោលប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ ដែលមាន២,១ភាគរយ និងតិចជាងឆ្ងាយពីឆ្នាំ ២០២២​ ដែលមានអត្រា ៥,៤ភាគរយ។ អត្រាអតិផរណាធ្លាក់ចុះក្នុងឆ្នាំ ២០២៤ ត្រូវបានធនាគារជាតិកម្ពុជាបញ្ជាក់ថា គឺជាលទ្ធផលនៃការធ្លាក់ចុះតម្លៃប្រេងសាំង និងការធ្លាក់ចុះអតិផរណានៅក្នុងតំបន់និងពិភពលោក ទន្ទឹមនឹងនេះវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានបន្តរីកចម្រើនគួរឲ្យកត់សម្គាល់ប្រកបដោយនិរន្តរភាព និងបរិយាបន្ន មកដល់ក្នុងឆ្នាំ២០២៤កន្លងទៅនេះ។ដោយឡែកនៅ ២០២៤ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យម​​​ កម្ពុជា ភីអិលស៊ី បានប្រឹងប្រែង និងយកចិត្តទុកដាក់ លើកកម្ពស់ប្រាក់រៀលអនុលោមតាម សេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ដោយគ្រឹះស្ថានបានអនុវត្តយុទ្ធសាស្រ្តផ្សព្វផ្សាយតាមគ្រប់រូបភាព ដូចជាការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ការផ្សព្វផ្សាយនៅតាមភូមិសាស្រ្តនានា ដែលជាតំបន់សក្តានុពលដើម្បី ជម្រុញ និងទាក់ទាញប្រើប្រាស់រូបបិយវត្ថុជាតិជាប្រាក់រៀល ឱ្យកាន់តែទូលំទូលាយថែមទៀត​ ជាក់ស្តែងគ្រឹះស្ថានបានផ្តល់នូវលក្ខខណ្ឌពិសេសៗជាច្រើនសម្រាប់អតិថិជន។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ផលបត្រឥណទានសរុបរបស់គ្រឹះស្ថានមានចំនួន២,៨២៧,៣៦៧ដុល្លារអាមេរិក​និងមានផលបត្រឥណទានរូបិយវត្ថុជាតិមានចំនួន១,០៣៣,៨៧៥,៩០០រៀល ស្មើ១០ភាគរយនៃផលបត្រឥណទានសរុប។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី នៅតែខិតខំប្រឹងប្រែងដោះស្រាយនិងអាចរក្សាបាននិរន្តរភាពនៅក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលកំពុងតែប្រឈមដោយសារតែការអូសបន្លាយនៃសង្រ្គាមរុស្សីនិងអ៊ុយក្រែន និងសង្គ្រាម បណ្តាលប្រទេសផ្សេងៗទៀត។ លើសពីនេះទៀត ដើម្បីធានាឲ្យបាននូវការអនុលោមតាមច្បាប់បទប្បញ្ញត្តិ សារាចរណ៍ និងសេចក្តីណែនាំផ្សេងៗ នៅក្នុងដំណើរការអាជីវកម្ម នាយកដ្ឋានគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាម សម្រាប់គ្រឹះស្ថានមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ តាមរយៈវិធីសាស្រ្ត ជាក់លាក់ដែលបានបង្កើតឡើង សម្រាប់ធ្វើការ វាយតម្លៃហានិភ័យ ដែលប្រឈម និងផលប៉ះពាល់នៃហានិភ័យយ៉ាងមានប្រសិទ្ធភាព។ ជាចុងក្រោយ ខ្ញុំបាទសូមធ្វើការថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ ដែលបានគាំទ្រនូវផលិតផល និងសេវាកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី ប្រកបដោយសុឆន្ទៈរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិទាំងមូល។ ខ្ញុំបាទ ក៏សូមសម្តែងការកោតសរសើរ ដោយស្មោះផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលមានការ ប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន យ៉ាងស្វិតស្វាញ ដើម្បីនាំមកនូវសមិទ្ធផលដ៏ធំធេង សម្រាប់គ្រឹះស្ថានរហូតមកដល់ពេលបច្ចុប្បន្ននេះ។ តាងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំបាទសូមថ្លែងអំណរគុណដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសចំពោះ ធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់ការសហការ និងគាំទ្រចំពោះ​គ្រឹះស្ថានយើងខ្ញុំយ៉ាងល្អប្រសើរ នាពេលកន្លងមក និងពេលអនាគតផងដែរ​។