MEDIA | What's News

Management Meeting

នាថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៣:០០នាទី រសៀល គណៈគ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី បានចូលរួមសិក្ខាសាលា តាម ZOOM ស្តីពី ការផ្តល់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីស្តារសេដ្ឋកិច្ច ក្នុងគោលបំណងដើម្បីលើកកម្ពស់វិធានការនិងគោលនយោបាយក៏ដូចជាកម្មវិធីប្រាក់កម្ចីពិសេសរបស់រដ្ឋាភិបាលដើម្បីគាំទ្រដល់វិស័យឯកជនក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពី ជំងឺកូវីដ១៩ ។
សិក្ខាសាលានេះរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា និងមានកិច្ចសហការរៀបចំដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ផាន ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អ៊ិន ចាននី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមធនាគារនៅកម្ពុជា លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោក Remi Pell សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិនិងតំណាង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សរុបមានចំនួន ១៥៤នាក់ ដែលក្នុងនោះតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី មានការចូលរួមដោយ លោក កន វិចិត្រ អនុប្រធានគ្រប់គ្រងទូទៅ និងលោក ឡាំ រវៃ ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។
សិក្ខាសាលាស្តីពី ការផ្តល់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីស្តារសេដ្ឋកិច្ច ចាប់ ផ្តើមដំណើរការដោយមានមតិស្វាគមន៍ពី បណ្ឌិត អ៊ិន ចាន់នី ហើយបន្ទាប់មកមានការធ្វើបទបង្ហាញដោយឯកឧត្ដមបណ្ឌិត ផាន ផល្លា និងវេទិការសំណួរចម្លើយទទួលបានការចូលរួមដោយឯកឧត្តមបណ្ឌិត ហ៊ួត ពុំ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការថ្លែងសន្ទរកថាគន្លឹះ ដោយលោក សុខ វឿន និង លោក Remi Pell។
ជាកិច្ចបញ្ចប់អង្គសិក្ខាសាលា លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងអំណរគុណដល់ គណៈអធិបតី វាគ្មិន អ្នកសម្របសម្រួល ក៏ដូចជាសិក្ខាកាមទាំងអស់ដែលបានចូលរួមសិក្ខាសាលានាថ្ងៃនេះ។ សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង៥និង១៥នាទីល្ងាច នាថ្ងៃដដែលប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត។